ផ្អែកលើកិច្ចសហប្រតិបត្តិការជាមួយគ្នារវាងកម្ពុជា និងថៃលើវិស័យការងារ និងវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ពិសេសស្ថិតក្នុងរយៈពេលនៃកិច្ចសហប្រតិបត្តិការផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជាភាគីទាំងពីរបានរួមគ្នាផ្តល់ភាពស្របច្បាប់ជូនពលករកម្ពុជាបានជាង៣០ម៉ឺននាក់រួចហើយ ក្នុងចំណោមពលករជាង ៤០ម៉ឺននាក់ ដែលកំពុងបម្រើការងារដោយខុសច្បាប់នៅប្រទេសថៃ ។
ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រី ក្រសួងការងារនិងបណ្តុះបណ្តាល វិជ្ជាជីវៈបានឱ្យដឹងនៅក្រោយជំនួបពិភាក្សាការងារជាមួយលោក ប៉ាន់យ៉ារ៉ាក ពលទ័ពឯកអគ្គរាជទូតថៃប្រចាំកម្ពុជានៅ ទីស្តីការក្រសួងការងារនាព្រឹកថ្ងៃ ទី២២ ខែឧសភាថាពលករ កម្ពុជាដែលបម្រើការងារដោយ គ្មានឯកសារស្របច្បាប់នៅក្នុង ប្រទេសថៃពីមុនមកនោះឥឡូវ នេះបានទទួលភាពស្របច្បាប់ជិតអស់ហើយ និងកំពុងបន្តធ្វើកិច្ចការនេះ ឱ្យបានរួចរាល់នៅមុនដំណាច់ខែមិថុនា ឆ្នាំ២០១៨ខាងមុខនេះ ។
ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា កន្លងមក កម្ពុជាបានបញ្ជូនក្រុមការងារ អន្តរក្រសួងជាង៣០០នាក់ទៅកាន់មជ្ឈមណ្ឌលចំនួន៣នៅទីក្រុងបាងកក ខេត្តបទុមធានីនិងខេត្តរ៉ាក់យ៉ង ប្រទេសថៃដើម្បីធ្វើកិច្ចសហប្រតិបត្តិការជាមួយភាគីថៃ ផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជា ដែលមកដល់ពេលនេះ អាចចាត់ទុកថាទទួលបានលទ្ធផលជោគជ័យ ពោលគឺនៅសេសសល់ខ្លះកំពុងបន្តនិតិវិធីផ្តល់ជូន ។
ទោះយ៉ាងណា ឯកឧត្តមរដ្ឋ មន្ត្រីក៏បានបញ្ជាក់ទៀតថានៅ ពាក់កណ្តាលខែមិថុនាក្នុងឆ្នាំ នេះ ឯកឧត្តមនឹងដឹកនាំគណប្រតិភូក្រសួងការងារទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសថៃដើម្បី ពិនិត្យចុងក្រោយនិងដោះស្រាយ បញ្ហាដែលនៅសេសសល់។ក្រៅ ពីនេះក៏ខិតខំជំរុញល្បឿននៃកិច្ចសហប្រតិបត្តិការលើវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក៏ដូចជាវិស័យដទៃទៀតឱ្យបានល្អនិងមានប្រសិទ្ធភាព។
លោកឯកអគ្គរាជទូតថៃក៏បាន អបអរសាទរចំពោះការបើកច្រកទ្វារអន្តរជាតិថ្មីរបស់កម្ពុជានៅ ខេត្តបាត់ដំបង ដើម្បីរំលែកការធ្វើដំណើរដោយ ស្របច្បាប់របស់ពលករកម្ពុជាពីច្រកប៉ោយប៉ែតទៅតាមច្រកថ្មីនេះ ស្របតាមកិច្ចសហប្រតិបត្តិការដោយរលូននិង ឈ្នះ-ឈ្នះទៅវិញទៅមក ៕