ក្នុងរយៈពេល ៤ ខែដើមឆ្នាំ២០១៨នេះ ចំណូលពន្ធ-អាករគ្រប់ប្រភេទប្រមូលបានសរុបមានចំនួន៣.៦៣៨,៣១ពាន់លានរៀល (ស្មើប្រមាណ៩០៩.៥៧លានដុល្លារអាមេរិក) ប្រមាណ ជា៤៧.២៩ភាគរយនៃផែនការកំណត់ ដោយច្បាប់ ។
បើប្រៀបធៀបនឹង៤ខែដើមឆ្នាំ២០១៧ ឃើញថាការប្រមូលពន្ធ-អាករគ្រប់ប្រភេទតាមប្រព័ន្ធអនឡាញ ក្នុង៤ខែ ឆ្នាំ២០១៨កើនឡើង ចំនួន៣៨៩,៩៦ពាន់ លានរៀល(ប្រមាណ៩៧,៤៩លានដុល្លារអាមេរិក) ស្មើនឹង ១២.០១ភាគរយ។
ដោយឡែក ក្នុងខែមេសាឆ្នាំ២០១៨កន្លងទៅ នេះ លទ្ធផលប្រមូលចំណូលពន្ធរបស់អគ្គនាយកដ្ឋានពន្ធដារទទួលបានចំណូលពន្ធ-អាករគ្រប់ប្រភេទដែលប្រមូលបាន ចំណូលបានចំនួន៥៩២៧១ពាន់លានរៀល(ប្រមាណជា១៤៨.១៧លានដុល្លារ)ស្នើនឹង៧.៧ភាគរយនៃផែនការច្បាប់។
ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែកាល ពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារបានណែនាំបន្ថែមដល់គ្រប់អង្គភាពឱ្យបន្ត ខិតខំពង្រឹងការអនុវត្តច្បាប់វិន័យការងារនិងត្រូវមានភាពទន់ភ្លន់តែម៉ឺងម៉ាត់ដោយផ្អែកលើទិដ្ឋភាពច្បាប់ ក្នុងការឆ្លើយតបទៅកាន់អ្នកជាប់ពន្ធសំដៅឱ្យពួកគាត់រីករាយទទួលយក និងស្ម័គ្រចិត្តបង់ពន្ធគ្រប់ៗគ្នាធ្វើយ៉ាងណាកាត់បន្ថយជាអតិបរមា ឬមិនឱ្យអ្នកជាប់ពន្ធមានការរអ៊ូរទាំ និងផ្តល់កិច្ចសហការល្អក្នុងការបង់ពន្ធជូនរដ្ឋ។ ក្រៅពីនោះ អគ្គនាយកដ្ឋានពន្ធដារបានដាក់ចេញនូវវិធានការមួយចំនួនដើម្បីបន្តអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពខ្ពស់ថែមទៀតសម្រាប់ឆ្នាំចុងក្រោយនេះ នូវយុទ្ធសាស្ត្រកៀរគរចំណូលរយៈ ពេលមធ្យមរបស់រាជរដ្ឋាភិបាលឆ្នាំ២០១៤-២០១៨ប្រកាសដាក់ឱ្យប្រើប្រាស់ នូវប្រព័ន្ធតាមដានឯកសារទូទាំងគ្រប់អង្គភាពក្រោមឱវាទអគ្គនាយកដ្ឋានពន្ធដារ ក្នុងគោលដៅពង្រឹងការផ្តល់សេវាសាធារណៈជូនអ្នកជាប់ពន្ធ ដោយផ្តល់លទ្ធភាពឱ្យអ្នកជាប់ពន្ធអាចដឹងពីស្ថានភាពនៃឯកសារ ដែលពួកគាត់បានដាក់ចូលមកអគ្គនាយកដ្ឋានពន្ធដារ ។
ជាមួយគ្នានេះ អគ្គនាយកដ្ឋានបន្តពង្រឹងការចុះបញ្ជីពន្ធដារនិងធ្វើ បច្ចុប្បន្នភាពព័ត៌មានសហគ្រាសឱ្យកាន់តែប្រសើរឡើងថែមទៀតបន្តពង្រឹងនិងផ្តោតការយកចិត្តទុកដាក់លើការទប់ស្កាត់ការផ្ទេរថ្លៃដោយពង្រឹងការអនុវត្តវិធាននិងនីតិវិធីសម្រាប់បែងចែកចំណូលនិងចំណាយក្នុងកិច្ចប្រតិបត្តិការអាជីវកម្មក្នុងចំណោមបុគ្គលទាក់ទិន ។
បន្តពង្រឹងចាត់វិធានការចំពោះការគេចវេះពន្ធគ្រប់រូបភាពដោយសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីប្រមូលព័ត៌មានបន្ថែមសម្រាប់ជាមូលដ្ឋានក្នុងការកំណត់ពន្ធចំពោះក្រុមហ៊ុនដែលប្រកាសបង់ពន្ធមិនស្មោះត្រង់ ឬគេចវេះពន្ធតាមគ្រប់រូបភាព ។
ឯកឧត្តម ប្រតិភូរាជរដ្ឋាភិបាលក៏បានឱ្យដឹងថា អគ្គនាយកដ្ឋានពន្ធដារបន្តធ្វើទំនើបកម្មប្រព័ន្ធព័ត៌មានវិទ្យា ដោយអភិវឌ្ឍន៍គ្រប់គ្រងការប្រមូលពន្ធ តាមបច្ចេកវិទ្យាព័ត៌មាន ពង្រឹងការគ្រប់គ្រងប្រមូលបំណុលពន្ធដែលនៅរ៉ាំរ៉ៃជាយូរឆ្នាំ និងពង្រឹងការយកចិត្តទុកដាក់ពង្រឹង ការធ្វើសវនកម្មចំពោះសហគ្រាសធំៗ ដែលមានហានិភ័យខ្ពស់ក្នុងការបាត់បង់ចំណូលពន្ធ ដោយសារតែប្រកាសបង់ពន្ធក្នុងកម្រិតទាបមិនឆ្លើយតបនឹងសកម្មភាពអាជីវកម្មរបស់ខ្លួនឬប្រកាសខាតជាច្រើនឆ្នាំផងដែរ ៕