រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានជំរុញឱ្យគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សទាំងថ្នាក់ជាតិថ្នាក់ក្រោមជាតិនិង អាជ្ញាធររាជធានីខេត្តត្រូវបន្តខិតខំពង្រឹងគ្រប់សកម្មភាព និងរូបភាពក្នុងការទប់ស្កាត់ប្រឆាំងនឹងការ ជួញដូរមនុស្សដើម្បីធានាសុវត្ថិ ភាពនិងសេចក្តី សុខជូនប្រជាពលរដ្ឋ និងសង្គមជាតិ ។
ក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ឆ្នាំ២០១៧ និងទិសដៅឆ្នាំ២០១៨របស់គណៈកម្មាធិការជាតិប្រយុទ្ធ ប្រឆាំងអំពើជួញដូរមនុស្សនាព្រឹក ថ្ងៃទី២២ ខែឧសភាឆ្នាំ២០១៨ នៅទីស្តីការក្រសួងមហាផ្ទៃសម្តេច ក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្សបានមានប្រសាសន៍ថាគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សត្រូវ ខិតខំប្រឹងប្រែងបន្តទៀតដើម្បី ការពារ ប្រជាជនកម្ពុជាក៏ដូចជា មនុស្សជាតិពីភាពរងគ្រោះដោយការជួញដូរមនុស្សគ្រប់រូបភាពនិង ផ្តល់ភាពសុខសាន្តសុខដុមនីយកម្មជូនដល់គ្រួសារ និងសង្គមជាតិទាំងមូល ។
សម្តេចក្រឡាហោមបានបញ្ជាក់ថា ការវាយតម្លៃលើលទ្ធផលដែលទទួលបានក្នុងរយៈពេល១ឆ្នាំមកនេះរបស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្សគ្រប់ក្រសួង ស្ថាប័ននិង ភាគីពាក់ ព័ន្ធទាំងអស់គឺជា មធ្យោបាយមួយដើម្បីរកឱ្យឃើញនូវអំពើជួញដូរមនុស្ស និងកសាងប្រព័ន្ធនៃការវាយតម្លៃមួយឱ្យកាន់តែមានប្រសិទ្ធភាព ។
សម្តេចក្រឡាហោមបានបន្តថារាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ក្នុងការពង្រឹងសុខ សន្តិភាពស្ថិរ ភាពនយោបាយ ការគោរពសិទ្ធិមនុស្ស និងលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ ។ ក្រៅពីនេះ រាជរដ្ឋាភិបាលបានផ្តល់ភាពស្រប ច្បាប់ជូនដល់ពលករដែលកំពុងតែធ្វើការខុសច្បាប់នៅក្រៅប្រទេសជាពិសេសនៅក្នុងប្រទេសថៃការបើកកន្លែងផ្តល់លិខិតឆ្លងដែននិងប័ណ្ណអនុញ្ញាតិការងារនៅទីតាំងសំខាន់ៗមួយចំនួនដើម្បី ការពារពីការរំលោភបំពាននិងកេងប្រវ័ញ្ចកម្លាំងពលកម្មដល់ពលករ ។
សម្តេចក្រឡាហោមបានលើកឡើងថា បច្ចុប្បន្ននេះអាជ្ញាធរថៃបានបញ្ជូនពលករដែលធ្វើការខុសច្បាប់មកកម្ពុជាវិញតាមច្រកប៉ោយប៉ែតក្នុងមួយថ្ងៃយ៉ាងតិចបំផុត៨០នាក់ ហើយបញ្ហានេះ រាជរដ្ឋាភិបាលក៏បានបង្កើតកន្លែងសំចតនៅតាមខេត្តជាប់ព្រំដែន ដើម្បីទទួលបងប្អូនពលករដែលភាគីថៃបានបញ្ជូនត្រឡប់មកកម្ពុជាវិញ ដែលនេះគឺជាបន្ទុកមួយរបស់រាជរដ្ឋាភិបាលដើម្បីជួយឱ្យពួកគាត់បានត្រឡប់ទៅស្រុកកំណើតវិញបានជួបជុំក្រុមគ្រួសារ ។
សម្តេចក្រឡាហោមបានអះអាងថា ការធ្វើដូចនេះគឺជាផ្នែកមួយនៃការទប់ស្កាត់ប្រឆាំងនឹងការជួញដូរមនុស្ស និងការលើកកម្ពស់សិទ្ធិមនុស្ស ព្រមទាំងការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាលចំពោះប្រជាពលរដ្ឋ ។
សម្តេចក្រឡាហោមបានលើកទឹកចិត្តដល់ភាគីពាក់ព័ន្ធទាំងអស់ត្រូវបន្តខិតខំប្រឹងប្រែងសកម្មភាពប្រយុទ្ធប្រឆាំងការជួញដូរមនុស្សឱ្យបានខ្លាំងក្លាបន្ថែមទៀតដើម្បី សេចក្តីសុខរបស់ប្រជាពលរដ្ឋនិង ប្រទេសជាតិ ។
លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃនិង ជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សបានឱ្យដឹងថាក្នុងឆ្នាំ២០១៧កន្លងមកនេះអគ្គ ស្នងការដ្ឋាននគរបាលជាតិនិង សមាជិកក្រុមការងារអនុវត្តន៍ច្បាប់បានសហការជាមួយព្រះរាជអាជ្ញាតាមបណ្តារាជធានី ខេត្តបង្ក្រាបការជួញដូរមនុស្សនិងអំពើ ធ្វើអាជីវកម្មផ្លូវភេទបានចំនួន ១៥៩ករណី គឺកើនឡើងចំនួន៦៧ករណី បើធៀបនឹងឆ្នាំ២០១៦កន្លងទៅ ។ ឃាត់ខ្លួនជនសង្ស័យនិងបញ្ចូលទៅសាលាដំបូង បានចំនួន២០៣នាក់ជនសង្ស័យជាជនបរទេសចំនួន២០នាក់ ដែលមាន៨សញ្ជាតិផងដែរ ៕